អំពីវិទ្យាស្ថាន
វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វ.ប.ស.អ) ផ្តោតលើការអភិវឌ្ឍការស្រាវជ្រាវស្តីពីគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយគុណភាព ឯករាជ្យភាព និងគោលដៅច្បាស់លាស់។ វិទ្យាស្ថាន វ.ប.ស.អ មានគោលបំណងផ្តល់ដល់មន្រ្តីតាក់តែងគោលនយោបាយ អ្នកមានឥទ្ធិពល និងភាគីពាក់ព័ន្ធនានានូវលទ្ធភាពក្នុងការទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីលទ្ធផលនៃការស្រាវជ្រាវ ដើម្បីជាជំនួយក្នុងការរៀបចំគោលនយោបាយសម្រាប់វិស័យពាក់ព័ន្ធសំខាន់ៗចំនួន ៥ ដើម្បីឈានទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
- ការស្រាវជ្រាវអំពីគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ
- ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម
- ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យអប់រំ
- ធនធានធម្មជាតិ និងបរិស្ថាន
- អភិបាលកិច្ច និងបរិយាប័ន្នសង្គម
វិទ្យាស្ថាន វ.ប.ស.អ អនុវត្តកម្មវិធី និងគម្រោងនានារបស់ខ្លួន ក្រោមកិច្ចសហការជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងអង្គការសង្គមស៊ីវិល។ វិទ្យាស្ថាន វ.ប.ស.អ ផ្សព្វផ្សាយចំណេះដឹងស្រាវជ្រាវ និងសមិទ្ធផលនានា តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនងផ្សេងៗដូចជា៖ សន្និសីទ សិក្ខាសាលា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បណ្ណាល័យព័ត៌មាន និងការចែករំលែកព័ត៌មាន ទំនាក់ទំនងជាមួយក្រុមតូចៗ និងអន្តរបុគ្គល។
វិទ្យាស្ថាន វ.ប.ស.អ មានទីតាំងស្ថិតនៅក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ គិតត្រឹមខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថានមានបុគ្គលិកដែលសុទ្ធតែជាជនជាតិខ្មែរសរុបចំនួន ៦៧នាក់ ដែលរួមមាន គណៈគ្រប់គ្រង បុគ្គលិកជំនាញ និងបច្ចេកទេស និងបុគ្គលិករដ្ឋបាល និងគាំទ្រ និងទីប្រឹក្សា។ វិទ្យាស្ថានមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់បុគ្គលិកទាំងអស់តាមរយៈការបណ្តុះបណ្តាលនៅវិទ្យាស្ថានផ្ទាល់ និងបន្តចូលរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជាដោយសហការជាមួយស្ថាប័ន/អង្គការក្នុងស្រុក និងអន្តរជាតិ។
ចក្ខុវិស័យ
វបសអ គឺជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយឈានមុខគេ ក្នុងការងារអភិវឌ្ឍន៍ដែលធ្វើការដើម្បីរួមចំណែកដល់អនាគតដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសកម្ពុជា និងតំបន់របស់ខ្លួន។
បេសកម្ម វបសអ
ផលិតចំណេះដឹងអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ មានឥទ្ធិពល និងមានផលប៉ះពាល់ តាមរយៈការស្រាវជ្រាវគោលនយោបាយ និងអភិវឌ្ឍន៍សមត្ថភាព រួមចំណែកដល់វិបុលភាពរបស់ប្រទេសកម្ពុជា និងតំបន់របស់ខ្លួន។
គុណតម្លៃស្នូល
- ឯករាជ្យភាព សុចរិតភាព និងសច្ចធម៌
- តម្លាភាព និងគណនេយ្យភាព ចំពោះដៃគូ ភាគីពាក់ព័ន្ធ និងអតិថិជនរបស់យើង
- ឧត្តមភាពក្នុងគុណភាពស្រាវជ្រាវ ផលិតផល និងឥទ្ធិពលគោលនយោបាយ
- អភិបាលកិច្ចល្អ និរន្តរភាព និងការពង្រឹងស្ថាប័ន
- វប្បធម៌កន្លែងធ្វើការប្រកបដោយបរិយាប័ន្ននិងគាំទ្រគ្នា ដែលឱ្យតម្លៃលើការរួមចំណែករបស់បុគ្គលម្នាក់ៗ សុខុមាលភាពរបស់បុគ្គលិកគ្រប់រូប និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក
- ផ្តល់សេវាកម្ម និងការគោរពចំពោះប្រវត្តិសាស្ត្រ វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា