វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វ.ប.ស.អ) គឺជាវិទ្យាស្ថានឯករាជ្យ និងឈានមុខគេ លើការងារស្រាវជ្រាវពីគោលនយោបាយអភិវឌ្ឍន៍ និងជាអង្គការតែមួយគត់ដែលមានប្រវត្តិដ៏វិសេសវិសាល។
នៅខែឧសភា ឆ្នាំ១៩៩០ ទីស្តីការគណៈរដ្ឋមន្រ្តីបានយល់ព្រម និងអនុម័តឱ្យបង្កើត វ.ប.ស.អ ដោយសម្រេចប្រគល់ភារកិច្ចឱ្យលោកស្រី អេវ៉ា មីស្លីវិក បន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ទិសដៅអាទិភាព និងកម្មវិធីនានា។ ជាការឆ្លើយតាមតម្រូវការជាបន្ទាន់ វ.ប.ស.អ បានចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ធនធាន ការជួយពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការធ្វើផែនការអភិវឌ្ឍន៍ និងការគ្រប់គ្រងជំនួយ។ សកម្មភាពទាំងនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសម្នាក់មន្ត្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។
នៅខែមីនា ឆ្នាំ១៩៩១ វ.ប.ស.អ ទទួលបានការអនុម័ត និងទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្រ្តី ជាវិទ្យាស្ថានបណ្តុះបណ្តាលធនធានស្វយ័ត និងមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅក្នុងស្រុក និងស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងផែនការ។ ជាការចូលរួមចំណែក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ទីតាំង និងអគារដល់ វ.ប.ស.អ ព្រមទាំងចាត់តាំងមន្ត្រីជាន់ខ្ពស់ ២រូប ពីក្រសួងផែនការ និងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជួយសម្របសម្រួលការងារនៅវិទ្យាស្ថាន។
ស្របពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ វ.ប.ស.អ ក៏បានវិវត្តខ្លួនជាច្រើនផងដែរ។ ដើម្បីបំពេញបន្ថែមនូវសមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍របស់វិទ្យាស្ថានបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៩៤ អនក្រ.បក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០០ ស្តីពីការផ្លាស់ប្តូរ វ.ប.ស.អ ទៅជាវិទ្យាស្ថានឯកជនមិនស្វែងរកប្រាក់ចំណេញ។ រាល់ការអនុវត្តសកម្មភាពទាំងអស់របស់វិទ្យស្ថានត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាជូនសាធារណជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ព្រមទាំងធ្វើការស្រាវជ្រាវ និងការវិភាគដើម្បីរួមចំណែកដល់ការតាក់តែងគោលនយោបាយ និងការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
លោក ឡារី ស្ត្រេន្ច ត្រូវបានតែងតាំងជានាយកប្រតិបត្តិ វ.ប.ស.អ នៅឆ្នាំ២០០៣ បន្ទាប់ពីលោកស្រី អេវ៉ា មីស្លីវិក ដែលជានាយកស្ថានិកបានលាឈប់ពីតំណែង។ ក្រោយមកនៅឆ្នាំ២០១៤ លោកបណ្ឌិត ឆែម គាតរិទ្ធី បានមកកាន់តំណែងបន្តជានាយកប្រតិបត្តិ វ.ប.ស.អ ក្រោយការបញ្ចប់អាណត្តិរបស់លោក ឡារី ស្ត្រេន្ច។ លោកបណ្ឌិត ប៉ិច សុខេម ត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិបន្ទាប់ ដែលបានចូលបម្រើការងារពីខែមីនា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។
វិទ្យាស្ថាន វ.ប.ស.អ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកសាងសមត្ថភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីមានលទ្ធភាពអាចចរចា កៀរគរ និងគ្រប់គ្រងជំនួយអន្តរជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្នុងរយៈពេល ២៥ ឆ្នាំក្រោយមក កិច្ចគាំទ្រនេះនៅតែបានបន្តផ្តល់ផ្លែផ្កា និងបានក្លាយជាធនធានស្នូលក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។